ក្រោយចប់បាក់ឌុបយើងមិនគួរមើលរំលងមហាវិទ្យាល័យទាំងនេះ៖
ក្រោយចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជំហានបន្ទាប់របស់សិស្សគឹការឈានជើងក្លាយជានិស្សិតនៅគ្រឹះស្ថានឧត្តមសិក្សា ដើម្បីបន្តថ្នាក់បរិញ្ញាប័ត្រចាប់យកជំនាញដែលខ្លួនចង់សិក្សា។
១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)
វិទ្យាស្ថាននេះល្បីល្បាញបំផុត តាំងពីឆ្នាំ ១៩៦៤ រហូតមកដល់បច្ចុប្បន្ននេះ ដោយផ្ដោតការអប់រំសំខាន់លើការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស និងតម្រង់ទិសនិស្សិតក្នុងវិស័យ វិទ្យាសាស្ត្រ និងវិស្វករជាដើម។ និស្សិត ដែលចង់សិក្សានៅទីនោះត្រូវឆ្លងកាត់ការជ្រើសរើសតាមរយៈការប្រឡងប្រជែង។
២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (URPP ឬ RUPP)
គឺជាគ្រឹះស្ថានឧត្ដមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា ដោយមានចែកជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ ដេប៉ាតឺម៉ង់ធំៗមានដូចជា អក្សរសាស្ត្រខ្មែរ ចិត្តវិទ្យា ប្រវត្តិវិទ្យា ទេសចរណ៍ ជាដើម។ ហើយក្នុងនោះក៏មានវិទ្យាស្ថានភាសាបរទេស IFL ដែលផ្ដល់ជំនាញដោយភាសាអង់គ្លេស បារាំង ចិន ជប៉ុន ជាដើម បូករួមនឹងសិក្សាអន្ដរជាតិផង។
៣. សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សាលាក្រហម)
ជាគ្រឹះស្ថានឧត្ដមសិក្សាផ្នែកសុខាភិបាលដ៏ចំណាស់មួយ និងល្បីល្បាញបោះសម្លេងក្នុងប្រទេសកម្ពុជា និងបានបង្កើតឡើងតាំងពីឆ្នាំ ១៩៤៦មកម្ល៉េះ។សិស្សដែលចង់សិក្សាក្នុងសាកលវិទ្យាល័យនេះ ត្រូវសម្រិតសម្រាំងតាមរយៈការប្រឡងចូលរៀនហើយ និងត្រូវមាននិទ្ទេសល្អពីការប្រឡងបាក់ឌុបផងដែរ។
៤. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)
ជាសាកលវិទ្យាល័យ ដែលចំណាស់ជាងគេមួយនៅក្នុងចំណោមគ្រឹះស្ថានឧត្ដមសិក្សានៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩។
សាកលវិទ្យាល័យនេះផ្ដល់ជំនាញសិក្សាដោយផ្ដោតចម្បង ទៅលើផ្នែកនីតិសាស្ត្រ (ច្បាប់) និងសេដ្ឋកិច្ច និងការអប់រំពាណិជ្ជកម្ម។
៥. សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
ជាគ្រឹះស្ថានឧត្ដមសិក្សាបង្កើតឡើងតាំងពីឆ្នាំ ១៩៨៣មកម្ល៉េះ ហើយមានការគ្រប់គ្រងដោយរដ្ឋ។ នៅទីនេះនិស្សិតអាចជ្រើសជំនាញសិក្សាក្នុងចំណោមជំនាញច្រើនដូចជា៖ គ្រប់គ្រង ទីផ្សារ ពាណិជ្ជកម្ម ព័ត៌មានវិទ្យា សេដ្ឋកិច្ច ទេសចរណ៍ និងភាសាបរទេស ជាដើម។
៦. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA)
កសាងឡើងក្នុងឆ្នាំ១៩១៨ ក្រោមផ្លាកឈ្មោះ “សាលាភូមិន្ទសិល្បៈ” ហើយបានប្រែឈ្មោះជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ ១៩៦៥។
ជំនាញដែលនិស្សិតអាចជ្រើសរើសបានរួមមាន បុរាណវិទ្យា ស្ថាបត្យកម្ម នគរូបនីយកម្ម វិចិត្រកម្ម នាដសាស្ដ្រ និងចម្លាក់ជាដើម។
៧. សាកលវិទ្យាល័យភូមិន្ទកសិកម្ម
ជាគ្រឹះស្ថានឧត្ដមសិក្សារដ្ឋដ៏ចំណាស់មួយផ្ដោតលើផ្នែកកសិកម្ម ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៦៤ ក្នុងរជ្ជកាលព្រះបាទនរោត្តម សីហនុ។
សព្វថ្ងៃស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម និងមានបង្រៀនជំនាញច្រើនដូចជា វិទ្យាសាស្ត្រសត្វ និង បសុព្យាបាល ព្រៃឈើ នេសាទ ការគ្រប់គ្រងកសិកម្ម អភិវឌ្ឍជនបទ និងកសិឧស្សាហកម្ម ជាដើម។
៨. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)
ជាគ្រឹះស្ថានឧត្ដមសិក្សារបស់រដ្ឋដ៏ធំមួយនៅកម្ពុជាដែលផ្ដោតលើជំនាញបច្ចេកទេស។ វិទ្យាស្ថាននេះ បង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជានិងសាធារណៈរដ្ឋកូរ៉េ និងមានកិច្ចសហប្រតិបត្តិការជាមួយនិងសាកលវិទ្យាល័យ Jeon Ju នៃប្រទេសកូរ៉េខាងត្បូង ៕
Comments
Post a Comment